សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំនៅសៀមរាប

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីម្សិលមិញបានប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញនៅខេត្តសៀមរាបក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ដើម្បីទាក់ទាញទេសចរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺមានរយៈពេលបីថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា។

អញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀនៅខេត្តសៀមរាបពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខែ៤(មេសា) ឆ្នាំនេះ គឺយើងធ្វើអង្គរសង្ក្រាន្តធំនៅខេត្តសៀមរាបនេះម្តងទៀត»។

លោកបានរំលឹកប្រាប់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តសៀមរាបត្រៀមខ្លួនចូលរួមនិងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប កាលពីខែមុនបានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងមួយចំនួនក្នុងបរិវេណមុខប្រាសាទអង្គរវត្តនិងសួនច្បារព្រះរាជដំណាក់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។

តាមសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងត្រឡប់មកជាថ្មីជាមួយនឹងទស្សនីយភាពសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ដូនតាខ្មែរ ដើម្បីមកដាក់បង្ហាញសាធារណជនជាតិនិងអន្តរជាតិក្នុងឱកាសអបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ អាជ្ញាធរខេត្តសៀមរាបកាលពីថ្ងៃអាទិត្យបានប្រជុំជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សានិងស្ប៉ា សមាគមន៍មគ្គុទ្ទេសក៍ សហគមន៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាវីដេអូ ដើម្បីពិភាក្សាគ្នាអំពីការរៀបចំវីដេអូផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនោះ បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងនឹងរៀបចំទីតាំងនៅប្រាសាទអង្គរវត្ត និងទីតាំងនៅសួនក្នុងក្រុងសៀមរាប ដើម្បីរៀបចំពិធីសាសនានិងពិធីផ្សេងៗ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ខេត្តសៀមរាបជាតំបន់ទេសចរណ៍ដែលប្រមូលផ្តុំដោយទេសចរគ្រប់ជាតិសាសន៍ចូលមកទស្សនាកម្សាន្ត។

វប្បធម៌ក្នុងស្រុកមានភាពស្វាហាប់និងសម្បូរបែបជាមួយនឹងការសម្ដែងរបាំប្រពៃណី ទីផ្សារដ៏មមាញឹក និងសិប្បកម្មក្នុងស្រុកពិតប្រាកដ ដែលផ្តល់ការយល់ដឹងអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

លោកបានស្នើម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាភោជនីយដ្ឋាន កុំដំឡើងថ្លៃក្នុងឱកាសដែលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាខាងមុខ ហើយរមណីយដ្ឋាន ព្រមទាំងសហគមន៍ទេសចរណ៍អេកូទេសចរណ៍ត្រូវរៀបចំកន្លែងដោយអនាម័យនិងមានសោភណភាពស្អាត ដើម្បីបម្រើដល់ទេសចរជាតិនិងអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប។

លោកជំរុញក្រុមអ្នកផលិតមាតិការវីដេអូក្នុងខេត្តទាំងអស់ជួយផលិតវីដេអូថ្មីៗ ដើម្បីផ្សព្វផ្សាយលើកស្ទួយខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្តក្នុងគោលបំណងទាក់ទាញទេសចរមកចូលរួមនិងទស្សនាព្រឹត្តការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៣ ក្រោមការផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន ក៏ដូចជាសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររំលឹកនិងធ្វើឱ្យរស់រវើកឡើងនូវមរតកបេតិកភណ្ឌអរូបីខ្មែរតាមរយៈការចូលរួមថែរក្សាវប្បធម៌ជាតិនិងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ព្រឹត្តិការណ៍នេះបានផ្ដល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិបានសិក្សាអំពីកិត្តិនាមវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរៀបចំធ្វើលើកចុងក្រោយកាលពីឆ្នាំ២០២៣ ដែលត្រូវនឹងខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដោយបាននាំមកនូវការជួបជុំប្រកបដោយភាតរភាព ពិសេសបានសម្រេចសមិទ្ធផលធំៗពីរ គឺ ការបំបែកឯកត្តកម្មបត់បេះដូងច្រើនជាងគេ និងឯតទគ្គកម្មរាំចង្វាក់ម៉ាឌីស្សុនច្រើនជាងគេ៕

Author: sttvonline

Leave a Reply

Your email address will not be published. Required fields are marked *