សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ព្រះរាជាណាចក្រ កម្ពុជា ជាតិសាសនា ព្រះមហាក្សត្រ បំភ្លឺព័ត៌មាន៖មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី

មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានគណនី Facebook ឈ្មោះ ប៉ា សុខហេង ត្រូវជាអ្នកធ្វើ ការជាមួយក្រុមគ្រួសារនៃសព បានឡាយវីដេអូ ដោយបានរៀបរាប់ថា មិនឃើញគ្រូពេទ្យនៅមណ្ឌល សុខភាពសេដា ពេលដែលបានយកអ្នកស្លាប់ដោយសារលង់ទឹករួចទៅហើយ មកមណ្ឌលសុខភាព នៅវេលា ម៉ោង១២:៤០នាទីថ្ងៃត្រង់ បង្ករអោយមានការភាន់ច្រឡំពីសំណាក់សាធារណជនមកលើមូលដ្ឋានសុខាភិបាល សាធារណៈ។ក្នុងករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមស្រាយបំភ្លឺថា ពិតជាមានករណីយកអ្នក ស្លាប់រួចទៅហើយ មកមណ្ឌលសុខភាពសេដាពិតប្រាកដមែន ក៏ប៉ុន្តែនៅពេលនោះ មានគ្រូពេទ្យម្នាក់កំពុង ប្រចាំការនៅក្នុងបន្ទប់អគារខាងលើ។ តែដោយការភ័យស្លន់ស្លោរបស់ក្រុមគ្រួសារនៃសព មិនដឹងថាមាន គ្រូពេទ្យយាមប្រចាំការនៅបន្ទប់អគារខាងលើ ទើបម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បាន ឡាយវីដេអូភ្លាមៗ។ បន្ទាប់ពីការឡាយវីដេអូចប់ ម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បានដឹងថា មានគ្រូពេទ្យយាមប្រចាំការនៅបន្ទប់អគារខាងលើ។ ក្រោយពីដឹងថា នៅមណ្ឌលសុខភាពមានគ្រូពេទ្យយាម ប្រចាំការ ម្ចាស់គណនី Facebook ឈ្មោះ ប៉ា សុខហេង បានឡាយវីដេអូសុំទោសវិញភ្លាមៗ។បញ្ជាក់ៈ តាមការពិនិត្យរបស់គ្រូពេទ្យបានបញ្ជាក់ថា ឈ្មោះ ហួយ ចុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ បានស្លាប់ដោយសារលង់ទឹកមុនពេលយកមកដល់មណ្ឌលសុខភាពសេដា។នៅក្នុងពេលវេលាពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្តីសោយស្តាយជាពន់ពេកនេះ យើងខ្ញុំ សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ហួយ ចុង សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អាស្រ័យដូចបានជំរាបជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ថ្ងៃអង្គារ១២រោច ខែផល្គុន ឆ្នាំរោងឆស័ក ពស២៥៦៨ រតនគិរី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី