រោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាឱ្យបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិ ស្ថាន

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលជារោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ

និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។បទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ

បានរកឃើញ រោងចក្រកែច្នៃដំណាប់ស្វាយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពលូទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើនក្នុងអូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទេនោះ ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះបានទេ។✓សូមបញ្ជាក់ថា តបតាមបទបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួងបរិស្ថាន

សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះដល់ទីតាំងផ្ទាល់ យកសំណាកទឹក នៅតាមទីតាំងមួយចំនួន និងអនុវត្តវិធានការច្បាប់ជាបន្ទាន់ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព

និងការរស់នៅរបស់ប្រជាពលរដ្ឋ។គួរបញ្ជាក់ផងដែថា នៅក្នុងច្បាប់ក្រមនៃក្រសួងបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើរប្រាស់នៅឆ្នាំ២០២៣ ត្រង់មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះ

អាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។ មាត្រា ៨២៩ និងមាត្រា ៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្តចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការណ៍ទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ តាមច្បាប់ដែលបានកំណត់៕


