រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ តាកែវ៖

នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូចម្រុះ ចុះ ពិនិត្យមើលទីតាំងផ្ទាល់ នៅសួនច្បារមាត់បឹងតាកែវ

សម្រាប់ត្រៀមរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥ ប្រារព្ធធ្វើឡើងនៅខេត្តតាកែវ នាថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ។សូមជម្រាបជូនដែរថា បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើង តាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញ ឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង។

កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្ត ជាច្រើន ហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ និងឆ្នាំ២០២៤នៅខេត្តសៀមរាប៕


























