លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី «នារីគឺជាកម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ»ខេត្តរតនគិរី៖

រសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តរតនគិរី លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥

ក្រោមប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីរាជការ បុគ្គលិកបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តជានារីទាំងអស់។

លោក ជា សានិត បានលើកឡើងថា នារីគឺជាកម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ។ នាឱកាសនេះដែរ លោកប្រធានមន្ទីរ បានគូសរំលេចអំពីជីវិត ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរនៃការវិវត្តន៍របស់ស្រ្តី

ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ការយកចិត្តទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើបន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារទៀតផង។ គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានជាប់ជាប្រទេសគំរូដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការផ្តល់ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពស្រ្តី។

ក្នុងទិវានេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណដល់លោក លោកស្រី ទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្រ្តី និងក្មេងស្រីនាពេលកន្លងមក ព្រមទាំងសូមវាយតម្លៃខ្ពស់

និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជានារីក្នុងមន្ទីររសុខាភិបាលទាំងមូល ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន

និងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។ ក្នុងពិធីសំណេះសំណាលនេះ លោកប្រធានមន្ទីរ ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជានារី ដើម្បីលើកទឹកចិត្តដល់នារី ឱ្យខិតខំបំពេញការងារបន្ថែមទៀត។ ក្នុងឱកាសនោះដែរ មុននឹងបញ្ចប់កម្មវិធី ក៏មានមតិចូលរួមពីតំណាងមន្រ្តីជានារី ឡើងថ្លែងអំណរគុណដល់លោក ជា សានិត

ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់ ដែលតែងតែផ្តល់នូវកម្លាំងចិត្ត ស្នាមញញឹម ជាសក្ខីភាពបង្ហាញពីការសហការគ្នា និងសាមគ្គីភាព ស្នាមញញឹមរបស់នារី និងភាពអង់អាចក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ រហូតមន្រ្តីរាជការជានារី៕



